ប្រជាការពារសហគមន៍បឹងពាំរាំងស្នើឲ្យស្ថាប័នពាក់ព័ន្ធពិនិត្យមើលសំណុំរឿងអយុត្តិធម៌នៅបឹងពារាំងនេះផង

សៀមរាប= ប្រជាការពារសហគមន៍បឹងពាំរាំងបន្ទាប់ពីចាញក្ដីលោកស៊ីម ឈីវឈានពិសិដ្ឋ អតីតអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបកាលពីថ្មីៗនេះ ដោយតុលាការសំរេចអោយបង់ជំងឺចិត្តចំនួន៣០លានរៀលនិងអោយជាប់ទោស២ឆ្នាំ តែត្រូវបានភាគីទាំង២មិនទទួលយកសាលក្រមនេះទេដោយលើកឡើងថាគឺជារឿងអយុត្តិធម៌រៀងៗខ្លួន ។

   ជាក់ស្តែងនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅទីតាំងប៉ុស្តិ៍យាមរបស់សហគមន៍បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប មានបងប្អូនប្រជាសហគមន៍បឹងពារាំងជាច្រើននាក់បានមកប្រមូលផ្តុំគ្នា ដើម្បីស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាបនិងថ្នាក់ដឹកនាំក្រសួង ជួយពិនិត្យមើលសំណុំរឿងនៅបឹងពារាំងឡើងវិញផង។

   លោកអ៊ុន ភារ៉ា ប្រជាការពារសហគមន៍បឹងពារាំងបានឲ្យដឹងថាពួកគាត់ស្ម័គ្រចិត្តមកធ្វើការនៅបឹងពារាំងនេះគឺគ្មានប្រាក់ខែទេគឺចោលប្រពន្ធកូន លះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីការពារ រក្សាសុវត្ថិភាពជូនភ្ញៀវ និងការពារបទល្មើសក្នុងតំបន់អភិរក្សបឹងពារាំងធ្វើយ៉ាងណាឲ្យសហគមន៍ដែលជាស្រុកកំណើតរបស់ខ្លួនមានការរីកចម្រើន! ផ្ទុយទៅវិញបែរជាមិនបានទទួលការគាំទ្រនិងការលើកទឹកចិត្តនោះទេធ្វើអោយពួកយើងមានសតិអារម្មណ៍ធ្លាក់ចុះបាត់បង់ជំនឿលើថ្នាក់ដឹកនាំ អាចឈានដល់ការបោះបង់ចោលការការពារធនធានធម្មជាតិទៀតផង និងប្រឈមមុខនិងទោស ជាពិសេសកំពុងប្រឈមនិងជីវភាពខ្វះខាតរាល់ថ្ងៃទៀតផងព្រោះប្រជាការពារសុទ្ធតែជាកម្មករសំណង ។

   លោកបន្តថារឿងលោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប ប្តឹងសហគមន៍បឹងពារាំងថា បានប្រើអំពើហិង្សាមកលើរូបគាត់គឺជារឿងមិនត្រឹមត្រូវទេ។លោកបន្តថា លោកពិសិដ្ឋ បាននាំគ្នាប្រមាណជា៥នាក់ចូលមកបឹងពារាំងទាំងយប់ដោយគ្មានការអនុញាតិ និងបានមកអុកឡុកក្នុងសហគមន៍ទាំងយប់ដោយចោទប្រកាន់មិនដឹងខុសត្រូវ។ ចំណែកលោកសឿម សំបូរ ប្រជាសហគមន៍បឹងពារាំងបានឲ្យដឹងដែរថា ក្នុងករណីនេះលោកស្នើឲ្យស្ថាប័នតុលាការមេត្តាពិចារណារឿងក្តីនេះឡើងវិញព្រោះការសម្រេចសាលក្រមឲ្យពួកគាត់ចាញ់ក្តីបែបនេះវាគឺជារឿងអយុត្តិធម៌សម្រាប់ពួកគាត់។ ស្រដៀងគ្នានេះលោក សនសុខ ប្រជាសហគមន៍ បឹងពារាំង ក៏បានឲ្យដឹងដែរថា ពួកគាត់ជាម្ចាស់ផ្ទះបើគេលួចចូលមកផ្ទះគាត់ទាំងយប់ ហេតុអីតុលាការ សម្រេចឲ្យពួកគាត់ចាញ់ក្តីយ៉ាងដូច្នេះ លោកស្នើឲ្យស្ថាប័នតុលាការមេត្តាពិចារណារឿងក្តីនេះឡើងវិញផង លោកបញ្ជាក់ទៀតថា លោកជាសាក្សីនៅកន្លែងកើតហេតុ គឺលោកគង់ មង្គល មិនបាននៅកន្លែងកើតហេតុ និងមិនបានបញ្ជារឲ្យប្រជាការពារសហគមន៍វាយតប់លោក ស៊ីម ឈីវឈានពិសិដ្ឋ នោះទេ ចឹងហើយការចោទទាំងឡាយរបស់លោកពិសិដ្ឋ គឺជារឿងមិនពិត និងប្រឌិតទាំងស្រុង លោកស្នើសុំឲ្យស្ថាប័នតុលាការនិងអាជ្ញាធរពាក់ព័ន្ធមេត្តា ជួយពិនិត្យនិងដោះស្រាយដោយភាពយុត្តិធម៌ឲ្យបងប្អូនសហគមន៍បឹងពារាំងផង។

   លោកស៊ីម ឈីវឈានពិសិដ្ឋ ដើមបណ្តឹង បានប្រាប់អ្នកសារព័ត៏មាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ថា កាលពីទី១៧ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ តុលាការបានប្រកាសសាលក្រមលលេខ១០១ ដ បង្គាប់ឲ្យចុងបណ្តឹង សងជម្ងឺចិត្តមករូបលោកចំនួន៣០លានរៀលនិង ចុងចោទត្រូវទទួលទោសជាប់ពន្ធនាគារក្នុងម្នាក់ៗ២ឆ្នាំ ដោយនៅក្រៅឃុំ !លោកថាគួរតែនៅក្នុងឃុំ ដោយផ្តល់សិទ្ធិ ៣០ថ្ងៃ ឲ្យចុងបណ្តឹងប្តឹងទៅសាលាឧទ្ធណ៍។ 

   លោកបន្តថា ក្នុងបណ្តឹង រូបលោកបានប្តឹងពីបទ (ឃាតកម្មដោយគុំនុំ គិតទុកជាមុន)។ឯតុលាការបានចោទប្រកាន់ពីបទ(ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស) ហើយសាលក្រមបានប្រកាសឲ្យសងជម្ងឺចិត្តត្រឹមតែ៣០លានរៀលប៉ុណ្ណោះករណីនេះ រូបលោកមិនអាចទទួលយកបាននោះឡើយ ហើយលោកកំពុងឲ្យមេធាវី រៀបចំបណ្តឹងប្តឹងទៅសាលាឧទ្ធណ៍ ដើម្បីទាមទារសំណងជម្ងឺចិត្តចំនួន១លាន៤សែនដុល្លារ។ ការដែលសម្រេចប្តឹងបន្តនេះព្រោះតែពួកគេ(ក្រុមលោក គង់ មង្គល ) ព្រួតគ្នាវ៉ៃមកលើរូបលោក កាលពីម៉ោង ១៩ និង០០នាទីយប់ ថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ កន្លងទៅក្នុងខណ: ពេលដែលរូបលោកចុះទៅថតរូបភាពបទល្មើសនៅតំបន់បឹងពារាំង។

   តុលាការខេត្តសៀមរាបបានឲ្យដឹងថាសំណុំរឿងព្រហ្មទណ្ឌមួយនៅក្នុងដើមបណ្តឹងគឺ(អតីតអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប) ប្តឹងទាមទារសំណង១លាន២សែនដុល្លារ តែត្រូវតុលាការប្រកាសសាលក្រមឲ្យចុងចោទ ជា(សហគមន៍បឹងពារាំង) សងប្រាក់ជំងឺចិត្តចំនួន៣០លានរៀល និងដាក់ពន្ធនាគារក្នុងម្នាក់២ឆ្នាំ។ប៉ុន្តែភាគីទាំង២នៅមិនសុខចិត្តនឹងសាលក្រមនេះហើយថានឹងប្តឹងសាលាឧទ្ធណ៍ ថែមទៀត។

ដើមបណ្តឹង នៃសំណុំរឿងព្រហ្មទណ្ឌលេខ១១៦ ចុះថ្ងៃទី៧ខែកុម្ភះឆ្នាំ២០១៩ មានឈ្មោះស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប។ ចំណែកចុងបណ្តឹងមានឈ្មោះគង់ មង្គល ប្រធានសហគមន៍បឹងពារាំង រួមនិងមន្ត្រីសហគមន៍ ៤នាក់ទៀត។

សូមរម្លឹកថា អង្គសវនាការនោះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដែលមាន លោកមុយ សុភក្ត្រ័ ចៅក្រមជំនុំជម្រះ លោកស្រេង វុទ្ធា តំណាងអយ្យការនិងលោកទី សុខណាង ជាក្រឡាបញ្ជី ព្រមទាំងវត្តមានដើមបណ្តឹងឯតួអង្គចុងបណ្តឹងអវត្តមាន។

 មហាជននិយាយថារឿងរាវមួយនេះបានប្តឹងតតាំងគ្នារយៈពេលជាង១ឆ្នាំមកហើយជាមួយនិងហេតុការណ៍ទាំងនេះមហាជនបានមើលឃើញថាគឺផ្តើមចេញពីការចង់ដណ្តើមប្រយោជន៍ នៅក្នុងតំបន់ទេសចរណ៍បឹងពារាំង។

 ប្រជាការពារសមាគមន៍បឹងពារាំង បានសំណូមពរសុំអោយអភិបាលខេត្តសៀមរាបពិនិត្យមើលរឿងរ៉ាវដ៏អយុត្តិធម៍នៅក្នុងសមាគមន៍បឹងពារាំងនេះផងជៀសវាងប្រជាការពារសមាគមន៍បឹងពារាំងបាក់ទឹកចិត្តក្នុងការការពារតំបន់ទេសចរណ៍ធនធានធម្មជាតិបឹងពារាំង ខេត្តសៀមរាបហើយគេសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធនឹងមានការលើកទឹកចិត្តដល់សហគមន៍ឲ្យបន្តការពារធនធានធម្មជាតិប្រកបដោយតម្លាភាពគ្មានការច្រណែនគ្នាតទៅទៀត។

   លោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំងបានឆ្លើយតបតាមប្រព័ន្ធតេលេក្រាមថា ចំពោះសាលក្រមតុលាការដែលបានសំរេចដាក់ទោសលោកនិងក្រុមការងារចំនួន២ឆ្នាំនិងបង់ប្រាក់៣០លានរៀល កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោកថាមិនអាចទទួលយកបានទេព្រោះវាអយុត្តិធម៍សំរាប់លោកនិងក្រុមការងារ។មូលហេតុលោកថាចៅក្រមផ្ដោតតែទៅលើការប្រើអំពើហឹង្សាមានទម្ងន់ទោស ដោយមិនបានគិតពីចរិកបុគ្គលនោះដែលបង្កអោយមានអំពើហឹង្សានោះទេ ម្យ៉ាងទៀតចៅក្រមមិនបានផ្ដល់ឪកាសអោយសាក្សីលោកឡើងបកស្រាយនោះឡើយ គឺអោយតែសាក្សីភាគីម្ខាងជាអ្នកបកស្រាយ ទើបតុលាការមិនបានជ្រាប់រឿងនេះអោយបានគ្រប់ជ្រុងជ្រោយ។ ។

ដោយឡែកចំពោះការចោតប្រកាន់របស់ លោកស៊ីម ឈីវឈានពិសិទ្ធចោតលោកថាបានបញ្ចាអោយកូនចៅវាយធ្វើបាប ក្នុងន័យ (ចាប់់អោយជាប់វាយអោយងាប់ទុកអោយអញ) ក្នុងន័យនេះលោកសុំបដិសេដថាមិនមែនជាការពិតនោះទេគឺជាការមួលបង្កាចនិងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកតែប៉ុណ្ណោះព្រោះនៅពេលកើតហេតុលោកពុំបាននៅជិតកន្លែងហេតុការណ៍នោះទេ ដូច្នេះលោកសុំអោយតុលាការពិនិត្យរឿងនេះឡើងវិញ ។លោកបន្តថា បច្ចុប្បន្នលោកបានប្តឹងជំទាស់សាលាឧទ្ធណ៍ ថែមទៀត ដើម្បីរកភាពយុត្តិធម៌សម្រាប់គាត់និងក្រុមការងារ៕