កំពង់ធំ=មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២១ខែតុលាឆ្នាំ២០២០ មកថាបទល្មើសនេសាទដែលបានកើតឡើងនៅលើទឹកដីឃុំផាត់សណ្ដាយរីកដូចផ្សិតយ៉ាងអាណាធិបតេយ្យនោះគឺមានឈ្មោះ ចែអុី ប្រពន្ធរបស់លោក ហេងមនោ មេឃុំផាត់សណ្តាយដែលជាឈ្មួញទិញត្រីធំជាងគេបំផុតនៅទីនោះ។

ប្រភពបានបន្តទៀតថា ចែអុី ដែលជាប្រពន្ធរបស់លោក ហេងមនោ គឺបានផ្ដល់មធ្យោបាយគ្រប់រូបភាពដើម្បីអោយប្រជានេសាទប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់ហើយយកត្រីមកលក់អោយគាត់វិញជាពិសេសនៅចំណុចក្រឡុកបាយក្អែកសុទ្ធតែបងប្អូនរបស់ចែអុីទាំងអស់ដែលដាក់បទល្មើសនេសាទនៅចំណុចនោះហើយវែងៗរាប់គីឡូម៉ែត្រ។

ចំណែកប្រពន្ធរបស់លោកហ៊ន គី វិញកាងបទល្មើសនេសាទនៅចំណុចបឹងធំពាក់កណ្ដាលកំពង់ស្វាយលើនិងកំពង់ស្វាយក្រោមជាយូរឆ្នាំមកហើយតែសមត្ថកិច្ចជំនាញរដ្ឋបាលជលផលមិនហ៊ានចុះបង្ក្រាប។សូមបញ្ជាក់ថាលោកហ៊ន គី ជាអនុភូមិបឹងធំនេះកន្លងមករត់ការកាងតែបទល្មើសនេសាទទេ ហើយក៏ជាខ្សែសាឡាយរបស់លោកហេង មនោដែរ ។

ប្រជាពលរដ្ឋមានចម្ងល់ហើយឆ្ងល់ថាតើបទល្មើសនេសាទដែលមានឈ្មោះខាងលើទាំងអស់ហេតុអីនៅតែដំណើរការយ៉ាងរលូនព្រោះអីសមត្ថកិច្ចដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដឹងដែរថាឈ្មោះអ្នកប្រព្រឹត្តត្រូវបានស្គាល់អស់ហើយយ៉ាងម៉េចបានជាមិនបង្ក្រាប។
ប្រជាពលរដ្ឋសូមសំណូមពរទៅឯកឧត្តមវេងសុខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសូមឯកឧត្តមមេត្តាក្រឡេកមកមើលបទល្មើសនេសាទនឹងមន្ត្រីដែលអនុវត្តច្បាប់នៅទីនោះផង។