រដ្ឋបាលក្រុងស្ទឹងសែនរៀបចំឧបករណ៍រំពងសម្លេង១៨ គ្រឿង និងឧបករណ៍វាស់កំដៅនៅគ្រប់សង្កាត់ទាំង៨

កំពង់ធំ៖ ដើម្បីបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់នូវការរីករាលដាលនៃជំងឺ កូវីដ១៩ ក្នុង ភូមិសាស្រ្តក្នុងស្ទឹងសែន ខេត្តកំពង់ធំ រដ្ឋបាលក្រុងស្ទឹងសែនរៀបចំឧបករណ៍រំពងសម្លេងចំនួន ១៨ គ្រឿង និងឧបករណ៍ស្ទង់កំដៅ ចំនួន៨គ្រឿងដល់សាលាសង្កាត់ និងមណ្ឌលសុខភាពក្នុងក្រុង។

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០, លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន រៀបចំឧបករណ៍រំពងសម្លេងប្រមាណ១៨គ្រឿង ដែលបំពាក់លើម៉ូតូ និងរថយន្ត ដើម្បីចុះផ្សព្វផ្សាយ នូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល អំពីនីតិវិធីដាក់ខ្លួនដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ នៅតាមផ្ទះជាលក្ខណៈបុគ្គល។ លោកអភិបាលក្រុង ស្ទឹងសែន បានលើកឡើងថា ការចំផ្សព្វផ្សាយតាមរយៈឧបករណ៍រំពងសម្លេងអំពីវិធានការការពារ នៃការឆ្លងពិតជាមានសារសំខាន់ ដែលធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបមានការយល់ដឹងអំពីការរស់នៅ ដោយឡែក អាចទប់ស្កាត់បាននៃឆ្លងពីបុគ្គលទៅបុគ្គល ដូចសុភាសិតមួយឃ្លាពោលថា “ការពារ ប្រសើរជាងព្យាបាល”! ជាពិសេសនោះប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវក្បួនអនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃកុំបីខាន។


លោកអភិបាលក្រុងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលទើបចំណាកស្រុកមកកាន់មាតុប្រទេស ក្នុងភូមិទូទាំងប្រទេស ក៏ដូចជាខេត្តកំពង់ធំ ចូលរួមសហការជាមួយក្រុមគ្រួសារ និងអនុវត្តន៍តាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលអំពីការទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 និងវិធីបង្ការ ដោយធ្វើការណែនាំដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័ក ក្នុងផ្ទះរយៈពេល១៤ថ្ងៃ ក្នុងបន្ទាប់ ដាច់ដោយឡែកដោយ៖ បន្ទប់ត្រូវមានខ្យល់អាកាសល្អ (ប្រសិនបើបន្ទប់តែមួយ ត្រូវរក្សាចំងាយ យ៉ាងហោចណាស់ពីរម៉ែត្រ ពីសមាជិកគ្រួសារផ្សេងទៀត), កាត់បន្ថយការប្រើប្រាស់កន្លែង ទំនេររួម ការរស់នៅរួមគ្នា (ផ្ទះបាយ, បន្ទប់ទឹកជាដើម), ត្រូវបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងរោគសញ្ញា រួមមាន ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នងករណីមានរោគ សញ្ញាទាំងអស់នេះ ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងស្វែងរកសេវាសុខាភិបាល ឬហៅ ទូរស័ព្ទទៅកាន់លេខ ១១៥ ក្នុងករណីចាំបាច់ណាមួយណា អាចហៅទៅកាន់លេខទូរស័ព្ទ អភិបាលក្រុង ស្រុក ដើម្បីបន្តការងារជួយស្វែងរកសេវាសុខាភិបាលឲ្យបានកាន់តែឆាប់រហ័ស បន្ថែមទៀត។

លោកអភិបាលក្រុងបញ្ជាក់ថា ក្នុងកិច្ចកាងារនេះ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជួយឧត្ថម្ភ ឧបករណ៍ស្ទង់កំដៅចំនួន8 គ្រឿង ដើម្បីជូនទៅក្រុមការងារសង្កាត់ទាំងប្រាំបី មណ្ឌលសុខភាព និងការិយាល័យស្រុកប្រតិបត្តិ ក្នុងការបម្រើសេវាផ្នែកសុខាជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន។