សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បញ្ជូលសកម្មភាពអប់រំ ផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងបេសកកម្មមនុស្សធម៌របស់ខ្លួន

សៀមរាប=ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អំពាវនាវឲ្យប្រជាពលរដ្ឋ មានការអត់ធ្មត់ចូលរួមទាំងអស់គ្នា ប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ជាសោកនាដកម្មដំបូងនៃការផ្ទុះជម្ងឺផ្លូវដង្ហើមថ្មីកូវីដ១៩ គឺជាមេរៀនសម្រាប់ពិភពលោក ព្រោះតែមិនបានប្រយ័ត្នក្នុងការធ្វើដំណើរ ដែលជាមូលហេតុនៃការចម្លងរីករាលដាល ។ ការអប់រំស្តីពីការបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃវារុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីមនុស្សម្នាក់ចូលទៅកាន់គ្រួសាររបស់ខ្លួន និង ពីគ្រួសារមួយរីកសាយភាយទៅក្នុងសហគមន៍ បានក្លាយជាប្រធានបទយ៉ាងសំខាន់បំផុត ត្រូវបានដាក់បញ្ជូលទៅក្នុងបេសកកម្មមនុស្សធម៌ នៃចលនាកាកបាទក្រហមកម្ពុជា ។

នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួន ជូនដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្ត ស្ថិតនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប ដែលមានកុមារកំព្រាចំនួន៣៧នាក់ កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលនេះផងដែរ ។
ក្នុងនាមតំណាងឲ្យឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត មានប្រសាសន៍នា ឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា ក៏បានពាំនាំនូការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចប្រធានតែងបានគិតគូរខ្ពស់បំផុតដល់បងប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ជាក់ស្ដែងនៅក្នុងស្ថានភាពដែលពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផង កំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ រាជរដ្ឋាភិបាល ក៏ដូចកាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជម្ងឺរលាកផ្លូវ ដង្ហើម កូវិដ១៩ សម្ដេចប្រធានបានណែនាំដល់គណៈកម្មាធិការសាខាទាំង២៥រាជធានី/ខេត្ត ត្រូវតែយកចិត្តទុកដាក់ខ្ពស់ពិនិត្យមើលការខ្វះខាតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ រួមមាន ជនចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា អ្នកមានជម្ងឺរ៉ាំរ៉ៃជាដើម ដែលបញ្ជាក់ឲ្យឃើញថា ជាការយកចិត្តទុក្ខដាក់គិតគូរខ្ពស់បំផុតរបស់ថ្នាក់ចំពោះប្រជាពលរដ្ឋយើង ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា” ។

ក្នុងឱកាសនោះលោកជំទាវ ក៏បាន អំពាវ សុំការយោគយល់ពីសំណាក់បងប្អូន និង ក្មួយៗទាំងអស់ សូមមេត្តាចូលរួមអនុវត្តទាំងអស់គ្នាឲ្យមានប្រសិទ្ធភាព លើការណែនាំរបស់ក្រសួងសុខាភិបាល ស្តីអំពីវិធីការពារខ្លួន ពិសេសនោះគឺការអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសុំឲ្យប្រជាពលរដ្ឋមេត្តាអត់ធ្មត់ ចៀសវាងការធ្វើដំណើរ និង ការជួបជុំដែលមិនចាំបាច់ ព្រមទាំង ស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជម្ងឺកូវីដ១៩” និង“វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជម្ងឺកូវីដ ១៩” ដល់ប្អូនៗកុមារនៅក្នុងអង្គការនេះផងដែរ ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន សាប៊ូ១កេស (៧២ដុំ) អាល់កុល ៥លីត្រ ម៉ាស់ ៣ប្រអប់ ភួយ៣៧ អាវយឺត៤៥ ក្រមា៤៥ អង្ករ១៥០គីឡូក្រាម មី១២កេស ត្រីខ៦យួរ ទឹកស៊ីអ៊ីវ៦យួរ និងថវិកាមួយចំនួនផងដែរ ។

ក្នុងឱកាសនេះដែរ លោកជំទាវ និង ប្រតិភូ ក៏បានរៀបចំសម្រាប់ប្អូនៗនូវ នំភីហ្សា និងការ៉ែម សម្រាប់ប្អូនៗ នៅក្នុងមណ្ឌល បានពិសារយ៉ាងសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរតែមួយទៀតផង ៕

