ខេត្តសៀមរាប ÷ លោកចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ឃុំខ្លួនជនសង្ស័យឈ្មោះ សាន ចំរើន ដាក់ពន្ធនាគារ បណ្តោះអាសន្ន តាមមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ កាលពីល្ងាចថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ ២០២៥ ពីករណី បទផលិត ឬ ធ្វើចរាចរណ៍ អាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវគ្រប់ប្រភេទ ( សន្និធិអាវុធ ) ” ប្រព្រឹត្តនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីអំឡុងឆ្នាំ ២០២២ រហូតដល់ ថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងតាមមាត្រា៤៨៨នៃក្រមព្រហ្មទណ្ឌ” និង បង្កាប់ឲ្យប្រធាន ពន្ធនាគារខេត្ត សៀមរាបទទួលឃុំខ្លួនឈ្មោះសាន ចំរើន ជាបណ្តោះអាសន្នរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។តាមប្រភពពីសមត្ថកិច្ច

ជំនាញ បានឲ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស៊ើបអង្កេត ស្រាវជ្រាវករណីការជួញដូរអាវុធតាមប្រព័ន្ធតេឡេក្រាម ជិត១ខែ ហើយបានចុះសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង មានការសម្រប សម្រួលពីអយ្យ ការអមសាលាដំបូងខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សាន ចំរើន ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ ជាងកាត់សក់ ស្ថិតនៅក្នុងផ្ទះរបស់ជនសង្ស័យដែលមានអាសយដ្ឋានស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយរឹបអូសបានវត្ថុតាងរួមមាន កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត និង កាំភ្លើងប្រើហ្គាស ចំនួន ០៧ ដើម ព្រមទាំងគ្រាប់មួយចំនួនផងដែរ ។ តាមការសួរនាំរបស់សមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានបង្កើត channel telegram និងទាក់ទងតាមបណ្ដាញសង្គមនានា ដើម្បីអូសទាញឲ្យគេកម្មង់ទិញគ្រឿងសពា្វវុធទាំងនោះ ដោយបង្គាប់ឲ្យគេ ផ្ទេរប្រាក់មកឲ្យខ្លួនជាមុន។ បន្ទាប់ពីទទួលបានប្រាក់រួចហើយ គេក៏ធ្វើការផ្តាច់ទំនាក់ទំនងជាមួយអតិថិជនទាំងនោះ ដែលទង្វើនេះ គឺជាអំពើឆបោកពិតប្រាកដ ។


សូមបញ្ជាក់ផងដែរថា ករណីរ ឃាត់ខ្លួនជនសង្ស័យរូបនេះ ពីបទរក្សាទុក ចរាចរណ៍ ជួញដូរអាវុធ តាមប្រព័ន្ធ តេឡេក្រាមខុសច្បាប់ ដែលប្រព្រឹត្តនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ២០២៥ ។ បច្ចុប្បន្ន លោកចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឲ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នាំជនសង្ស័យឈ្មោះ សាន ចំរើន ទៅដាក់ឃុំ នៅពន្ធនាគារជាបណ្តោះអាសន្ន ៕