ខេត្តកំពង់ធំ÷ ថ្ងៃនេះបានទទួលព័ត៌មានបែកធ្លាយរឿងមិនប្រក្រតីពាក់ព័ន្ធទៅនឹងមន្ត្រីមួយក្តាប់តូចឃុបឃិតគ្នាលក់ដីរដ្ឋ ដែលត្រូវបានគេដឹងថាដីនោះជាដីរដ្ឋបាលព្រៃឈើតាំងក្រសាំង ដែលមានទីតាំងស្ថិតនៅក្បែរស្ពានតាំងក្រសាំងជាប់ផ្លូវចូលទៅក្នុងភូមិចំបក់ ត្រង់ម្ដុំផ្លាកសត្វខ្សិប ស្ថិតនៅក្នុងភូមិ  សង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ។


យោងតាមប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថាដីនោះជាដីរដ្ឋបាលព្រៃឈើតាំងក្រសាំងដែលមានផ្ទៃក្រឡាទំហំ 10 ម៉ែត្រគុណនិង 30 ម៉ែត្រជាប់នឹងផ្លូវជាតិលេខ06ក្បែរគល់ស្ពានតាំងក្រសាំង ដែលត្រូវបានគេលួចលក់ធ្វើប្លង់កម្មសិទ្ធិឯកជនបានសម្រេច។
ពាក់ព័ន្ធនិងបញ្ហាខាងលើអង្គភាពយើងបានទំនាក់ទំនងទៅលោកប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញនិងនេសាទខេត្តកំពង់ធំលោកបានឆ្លើយថារឿងហ្នឹងលោកមិនបានដឹងទេនិងឲ្យសួរគេខាងរដ្ឋបាលព្រៃឈើទៅ។


ឯលោក ប៊ុនសុខធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំយើងបានទំនាក់ទំនងជាច្រើនដងតែលោកមិនលើកទូរសព្ទ។
លោក ទុយចំរើន ភូមិបាលស្រុកសន្ទុកបានអោយដឹងថារឿងនេះលោកមិនបានដឹងទេពាក់ព័ន្ធនឹងមេមុនៗ តែលោកដឹងថាដីនេះជាដីរដ្ឋបាលព្រៃឈើ។
លោកតុងយី អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំលោកបានឆ្លើយតបតាមទូរសព្ទ ឱ្យសួរទៅលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំឬសួរប្រធានមន្ទីរកសិកម្ម។
លោកស៊ូចន្ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឆ្លើយតបតាមទូរសព្ទថាលោកនឹងឆែកមើលពីសារពើព័ន្ធ បើមានការលក់ដូរឬធ្វើប្លង់ឯកជនមែនលោកនឹងប្ដឹងទាមទារយកមកវិញទុកជាសម្បត្តិរដ្ឋ។
លោក អ៉ឹមសុឌីណា ប្រធានមន្ទីររៀបចំដែនដីនិងសោយោដីខេត្តកំពង់ធំ យើងបានទំនាក់ទំនងតាមទូរសព្ទជាច្រើនដងតែលោកមិនលើកទូរសព្ទ។


ចំណែកលោក ស្រីសំណាង បានឆ្លើយតបតាមទូរសព្ទបញ្ជាក់ប្រាប់ថាដីហ្នឹងលោកបានទិញដោយសារតុលាការជាអ្នកកាត់អោយមានប្លង់ត្រឹមត្រូវ។
លោក សាន សុីថាន ប្រធានគណនេយ្យស្រុកសន្ទុកបានឲ្យដឹងថាលោកដឹងថាដីនោះជាដីរដ្ឋបាលព្រៃឈើដែលជាដីរបស់រដ្ឋមិនអាចអ្នកណាលក់ដូរបានទេ។

មហាជនសំណូមអោយឯ.ឧ អភិបាលខេត្ត និងក្រសួងកសិកម្ម ចាត់ក្រុមអធិការកិច្ចឯករាជ្យមួយ ចុះស្រាវជ្រាវ និងចាត់វិធានការច្បាប់ ចំពោះជនពាក់ព័ន្ធលួចលក់សម្បត្តិរដ្ឋ ?
ព័ត៌មានបឋម